ខេត្តសៀមរាប ៖ មានការលើកឡើងថាមន្ត្រី នគរបាលកូនចៅលោកឧត្តមសេនីយ៍ចាន់វ៉ាន់ធឿនមេនគរបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលឈរជើង នៅខេត្តសៀមរាបមិនបានបំពេញតួនាទីរបស់ខ្លួនឡើយតែផ្ទុយទៅវិញបាននិង កំពុងប្រមូល លុយពីក្រុមឈ្មួញ រកស៊ីដឹកជញ្ជូន បទល្មើស ជាថ្នូមិនមាន ការបង្ក្រាប។
ប្រភពពីអ្នករកស៊ីឲ្យដឹងថា៖មន្ត្រី ប៉ូលិសសេដ្ឋកិច្ច ដែលរងចោទថា យកលុយ ពីពួកឈ្មួញល្មើសច្បាប់ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូននោះ ពួកគេកំពុងឈរ ជើងតាម ផ្លូវជាតិលេខ៦ក្នុងស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ក្រុងសៀមរាប ស្រុកក្រឡាញ់ និងស្រុកពួក នៃ ខេត្តសៀមរាប ដែលស្រុកទាំងនោះ មានសកម្មភាព បទល្មើស កើតមានគ្រប់ ប្រភេទ កើតមានទាំងយប់ទាំងថ្ងៃ ។តែមិនដែលឃើញមានការបង្ក្រាបបានម្តងណាឡើយ។ប្រភពបានអះអាងថា មន្ត្រីដែលឈរជើង ចាំយកលុយ ពីក្រុមឈ្មួញដឹក ជញ្ជូនបទល្មើស ព្រៃឈើ និងរថយន្តដឹកទំនិញចាបហួយ ជាដើម ដោយមន្ត្រីទាំងនោះ ជាកូនចៅ របស់លោកអនុសេនីយ៍ឯក ឯក សឿន នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ។
តែលោកអនុសេនីយ៍ឯក ឯក សឿន នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្តសៀមរាប ធ្លាប់បាន ប្រាប់អ្នកកាសែតថា កម្លាំងប៉ូលិស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលទទួលទិស ប្រចាំខេត្តសៀមរាបនេះ គឺមានឯកសារត្រឹមត្រូវ ពីក្រសួងនិងឆ្លងខេត្ត ពិនិត្យផងដែរ។លោកអនុសេនីយ៍ឯក ឯក សឿនក្រុមលោកមកគឺ ដើម្បីចុះបង្ក្រាប បទល្មើស សេដ្ឋកិច្ច ក្នុងខេត្តនិង មានការ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន បានយ៉ាងល្អ។ ឯការចោទប្រកាន់ថា ខាងលោកយកលុយនោះ គឺមិនមានទេ។
ករណីនេះដែរបើតាមមន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា កន្លងមករថយន្តដឹកជញ្ជូនឈើខុសច្បាប់ និងដឹកជញ្ជូនទំនិញគេចពន្ធឆ្លងកាត់ខេត្តសៀមរាប គឺជាប្រភពចំណូលដ៏សំខាន់របស់ក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ លោក ឯក សឿន មានលិខិតបេសកកម្មពីថ្នាក់លើទើបហ៊ានបញ្ជាឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត និងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ សូម្បីតែឈ្មួញនិងអាជីវករដឹកទំនិញចាប់ហួយដែលមានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ក៏ចៀសមិនផុតពីបង់លុយឲ្យមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមការគ្រប់គ្រងរបស់លោក ឯក សឿន ដែរ។សកម្មភាពរបស់លោក ឯក សឿន និងបក្ខពួកក្នុងខេត្តសៀមរាប កំពុងធ្វើឲ្យលោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប មិនសូវសប្បាយចិត្តឡើយ ព្រោះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមិនអាចប្រមូលលុយបានច្រើនដូចមុនទៀត។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅខេត្តសៀមរាប ផ្លូវចំនួន៣ ដែលនគរបាល សេដ្ឋកិច្ច របស់លោកឯក សឿន អាចប្រមូលលុយ បានដោយសង្ស័យ ជាលុយខុសច្បាប់ ទំនិញដឹក មកពីច្រកប៉ោយប៉ោយ ចូលមកខេត្តសៀមរាប ពីច្រកខាង ខេត្តឧត្តរមានជ័យ និងតាមស្រុកស្វាយលើផងដែរ។មន្ត្រីសមត្ថកិច្ច មួយរូប បានបង្ហើបថា ការដែលនគរបាល សេដ្ឋកិច្ច ឈរជើង នៅខេត្តសៀមរាប បានគឺសុទ្ធតែ ទិញប៉ុស្ដិ៍ ពីថ្នាក់លើ ជាប្រចាំខែ ដើម្បីបង់លុយ ឲ្យថ្នាក់លើ ទើបអាចឈរជើង នៅខេត្តសៀមរាបបាន ប៉ុន្តែគេមិនដឹងថា តម្លៃប៉ុស្ដិ៍ ឈរជើងនោះ មានតម្លៃប៉ុន្មាននោះទេ។មិនដឹងថាសកម្មភាពជម្រឹតទាលុយពីឈ្មួញស្របនិងមិនស្របច្បាប់បង្កឡើងដោយក្រុមនគរបាលលោកឯក សឿន នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃមានយកទៅចែកឲ្យថ្នាក់លើផសគេដែរឬអត់នោះទេព្រោះអត់ដែលមានឮមាត់អីតិចពីលោកឧត្តមសេនីយ៍ចាន់វ៉ានធឿននោះឡើយ៕