ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងទី២ នៅរាជធានីភ្នំពេញ ជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករាដើម្បីសម្រួលចរាចរ សាងសង់ជិតរួចរាល់ហើយ ។ ជណ្ដើរយន្តសម្រាប់ធ្វើការឡើងចុះស្ពានអាកាសថ្មើរជើងដ៏ទំនើបមួយនេះ ក៏ដំឡើងជិតរួចរាល់ហើយដែរ។ ដូច្នេះមិនយូរប៉ុន្មាន បងប្អូនប្រជាពលរដ្ឋជិតបានឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះហើយ។
គម្រោងស្ពានអាកាសថ្មើរជើងថ្មីនេះ ត្រូវបានមន្ទីរសាធារណការសហការជាមួយក្រុមហ៊ុន OCIC ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ស្តុប មិនប៉ះពាល់ចរាចរ និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ក្រុមហ៊ុន Oversea Cambodia Investment Corperation ( OCIC) ដែលមានឧកញ៉ាពុងខៀងសែជានាយកគឺជាម្ចាស់វិនិយោគទីក្រុងអូឡាំព្យា ដែលសាងសង់នៅព័ទ្ធជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក លើផ្ទៃដីសរុប ១០ហិកតា។ ទីក្រុងថ្មីនេះជាបណ្ដុំអគារពាណិជ្ជកម្មមានកម្ពស់២០ជាន់រួមមាន ការិយាល័យ អគារស្នាក់នៅ ផ្សារទំនើប ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងកម្សាន្តជាច្រើនទៀត៕