ក្រចេះ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្តសប្បាយ នៅតាមបណ្តាគោលដៅទេសចរណ៍នានា ក្នុងខេត្តក្រចេះ នាឱកាស បុណ្យចូលឆ្នាំ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ មានចំនួនសរុបរួមៈ ១០២,៣០៦ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ចំនួន ១០៤,៨៩០ ថយចុះចំនួន២,៥៨៤ ស្មើនឹង-២,៤៦% នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងនោះភ្ញៀវ ទេសចរជាតិ: ១០១,៨១៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន១០៤,៤៦០នាក់ ថយចុះចំនួន២,៦៤៣នាក់ ស្មើនឹង-២,៥៣%។ ទេសចរអន្តរជាតិ: ៤៨៩នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ចំនួន៤៣០នាក់ កេីនចំនួន៥៩នាក់ ស្មើនឹង១៣,៧២%។
កន្លែងសម្រាប់ភ្ញៀវទេសចរណ៍ ពេញនិយមក្នុងខេត្តក្រចេះនោះ មានដូចជា រមណីយដ្ឋានទឹកជួកាំពី ឆ្នេរខ្សាច់កោះទ្រង់ និងរមណីយដ្ឋានកោះសុក្រម ជាដើម។
ខេត្តក្រចេះ ក៏ជាខេត្តទិសដៅទេសចរមួយដែរក្នុងប្រទេសកម្ពុជា ក្នុងឱកាសនៃការ ឈប់សម្រាក កម្សាន្តអបអរឆ្នាំថ្មី ដោយសារខេត្តនេះ មានតំបន់កម្សាន្តច្រើន ទាំងធម្មជាតិ និងកែច្នៃ ហើយចំនួនភ្ញៀវ ទៅសម្រាកកម្សាន្តក្នុងខេត្តនេះ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ខេត្តក្រចេះ ជាខេត្តមួយឋិតនៅភាគឦសានប្រទេសកម្ពុជា ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ដោយមាន រមណីយដ្ឋានស្រស់ ស្អាតជាច្រើនកន្លែង ប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយជារៀងរាល់ឆ្នាំ ខេត្តនេះបានទទួលកំណើនទេសចរជានិច្ច។ រមណីយដ្ឋានទឹកជួរកាំពី នៅតែឈរលំដាប់លេខ១ មានភាពទាក់ទាញ ទេសចរជាងគេ ក្នុងចំណោមរមណីយដ្ឋានជាច្រើនរបស់ខេត្តនេះ។
ដោយឡែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញ បានកើតឡើង៣ករណី នៅផ្លូវលេខ៧ និងផ្លូវ៣៧១ បណ្តាលឲ្យមនុស្ស ១នាក់ស្លាប់ ៤នាក់រងរបួស។ ស្ថានភាពផ្លូវទឹក និងសន្តិសុខ មានសភាពធម្មតា ។ នេះបើយោងតាមការឲ្យដឹងពីលោក វរសេនីយ៍ទោ ណាប់ ទិដ្ឋា នាយរងការិយាល័យចរាចរណ៍ នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ៕
ដោយ កិះខន