រាជធានីភ្នំពេញ ៖ តាមគម្រោងសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ នឹងបើកសវនាការលើសំណុំរឿងវាយអតីតតំណាងរាស្ត្របក្សប្រឆាំង ២ រូប ប៉ុន្តែត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ ។ តាមព័ត៌មានទទួលបានហេតុដែលត្រូវលើកពេលនេះ គឺយោងតាមសំណើររបស់មេធាវីរបស់ជនរងគ្រោះ ។
សូមជម្រាបថា លោក គង់ សភា និងលោក ញ៉យ ចំរើន បានស្នើឡើងក្នុងពេលសវនាការ សុំលើកពេលសវនាការដោយសំអាងថា ក្រុមមេធាវីមិនបានទទួលលិខិត អញ្ជើញពីសាលាឧទ្ធរណ៍ឲ្យចូលរួមសនាការនៅថ្ងៃនេះ។
គួរម្លឹកថា កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសបុរស៣នាក់ ពាក់ព័ន្ធនិងការវាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាការ ម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសត្រឹម ១ ឆ្នាំ ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» អ្នកទាំង ៣ នាក់នោះ មានឈ្មោះ ចាយ សារិទ្ធ, ម៉ៅ ហឿន និង សុក វណ្ណនី ។
ការផ្តន្ទាទោសនោះ គឺក្រោយពេលដែលបុរស ៣ នាក់ ដែលវាយអតីតតំណាងរាស្ត្របក្សប្រឆាំងនៅច្រកចេញចូលខាងត្បូងនៃវិមានរដ្ឋសភាកាលពីឆ្នាំ២០១៥ ៕