រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះជាលើកទី២ឱ្យលោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមការបញ្ជាក់របស់មន្ត្រីតុលាការថា ការចេញដីកាលើកទី២នេះធ្វើឡើងបន្ទាប់ពីលោក ជា មុន្នី ពុំបានចូលខ្លួនបំភ្លឺតាមការកំណត់នៃការកោះហៅជាលើកទី១កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះអំពីករណីញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជានោះទេ។
គួរបញ្ជាក់ថា នាថ្មីៗនេះ លោក ដារ៉ា សុបញ្ញា និង លោក កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ បានដាក់ពាក្យប្តឹង លោក ជា មុន្នី ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះ ក្រុមសហជីពធំៗ បានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក៕