រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង ជាថ្មីថា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានកំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ ហើយប្រទេសនៅលើ ពិភពលោកនេះ ក៏មិនមានប្រទេសណាមួយកំណត់អាណត្តិនាយករដ្ឋមន្ត្រីដែរ ព្រោះតំណែង នាយករដ្ឋមន្ត្រីត្រូវជ្រើសតាំងដោយរដ្ឋសភា ។
ការថ្លែងរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសចូលរួមក្នុងពិធីសម្ពោធអគារ ព្យាបាលជំងឺមហារីក និងសម្ភពកម្ពស់៩ជាន់ មានតម្លៃជាង២៣លានដុល្លារអាមេរិក នៅក្នុងមន្ទីរ ពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ។
សម្តេច ហ៊ុន សែន ក៏បានរម្លឹកឡើងវិញថា សម្តេចនឹងបន្តកាន់តំណែងនាយករដ្ឋមន្ត្រី យ៉ាងតិច១០ឆ្នាំទៀត ដើម្បីឈានទៅកៀកឆ្នាំ២០៣០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ ។ សម្តេចថា សម្តេចបានធ្វើជានាយករដ្ឋមន្ត្រី៣៣ឆ្នាំមកហើយ ហើយ បើថែម១០ឆ្នាំទៀតក៏មិនទាន់ចាស់ដែរ ។ ដូច្នេះអាចអមដំណើរកម្ពុជាចូលទៅកៀកឆ្នាំ២០៣០ នោះបាន ៕