រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ករណីជេរប្រមាថសម្តេច ហ៊ុន សែន និងក្រុមគ្រួសារតាមបណ្តាញសង្គម Facebook ថា ជាឃាតករសម្លាប់បណ្ឌិតកែម ឡី រួមទាំងការពិន័យជាប្រាក់១លានរៀលថែមទៀត ។
ស្ត្រីជាប់ចោទនោះមានឈ្មោះ ហ៊ិន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ខណដែលស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបេនឡានរិទ្ធិមុនី ។
សូមជម្រាបថា មុនការចាប់ខ្លួនស្ត្រីរូបនេះបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក ក្នុងអំឡុងពេលនាង កំពុងស្ថិតក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕