ខេត្តបន្ទាយមានជ័យ ៖ ឈើគ្រញូងច្រៀករួចប្រមាណជិត២០០ដុំ ត្រូវបានកម្លាំងជំនាញ និងតម្រួតថៃ ក្រសោបបាននៅក្នុងចំការអំពៅ ក្បែរខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជារួមជាមួយនឹងមនុស្សចំនួនពីរនាក់ផង ខណៈដែលឈើទាំងនេះត្រៀម
បម្រុងនាំឆ្លងដែនចេញមកកម្ពុជា ។
យោងតាមរបាយការណ៍ពីប្រទេសថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងតម្រួត កម្លាំងរដ្ឋបាលព្រៃឈើ និងទាហានឈុតខ្មៅលេខ១៣ បានប្រមូលផ្តុំគ្នាកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ចុះទៅកាន់ទីតាំងចំការអំពៅមួយកន្លែងដែលនៅជាយភូមិ២ ត្រង់ចំណុច ណូនស្ងារ ស្ថិតក្នុងឃុំសៃថង ស្រុកខ្លងហាតខេត្តស្រះកែវ ប្រទេសថៃ ។
ក្នុងការឡោមព័ទ្ធចំការអំពៅខាងលើនេះ បន្ទាប់ពីទទួលព័ត៌មានស្តីពីការលបលួចកែច្នៃឈើគ្រញូងដើម្បីឆ្លងដែនចេញទៅក្រៅប្រទេស ដែលនៅទីនោះមានមុខសញ្ញាចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពច្រៀកដុំឈើគ្រញូង ប៉ុន្តែពេលកម្លាំងបង្ហាញខ្លួនគឺពួកគេចំនួនពីរនាក់ បានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកពីរនាក់ទៀត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។
ជនសង្ស័យទាំងពីរ មានឈ្មោះ ប្រាក់យ៉ូន ហាមថង និងឈ្មោះ រិទ្ធិផុង សំរោងផល ដោយជាក់ស្តែងកំកម្លាំងបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួនដូចជា រណារយន្តចំនួន៣គ្រឿង ឈើគ្រញូងចំនួន១៩០ដុំ សម្ភារៈសម្រាប់ច្រៀកមួយចំនួន ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១២គ្រាប់ និងម៉ូតូម៉ាកយ៉ាម៉ាចំហាចំនួន១គ្រឿងផងដែរ ។
បច្ចុប្បន្នវត្ថុតាង រួមជាមួយនឹងមុខសញ្ញាពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាំយកទៅកាន់ខេត្តស្រះកែវ ដើម្បីសាកសួរបន្ត បន្ទាប់ពីពួកគេបានសារភាពថា ឈើទាំងនេះគឺច្រៀកជាដុំៗ ដើម្បីនាំចេញឆ្លងដែនមកប្រទេសកម្ពុជា ៕