រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីព្រឹកមិញ សម្តេចនាយករដ្ឋមន្ត្រីបានទម្លាយនូវព័ត៌មានសម្ងាត់មួយរបស់ជនដែលសម្តេហៅថាអាក្បត់ជាតិប៉ងរំខានភាពសុខសាន្តរបស់ប្រជាជននៅមុនបុណ្យចូលឆ្នាំថ្មីខាងមុខ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា យប់មិញខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់មួយ ហើយចៅហ្វាយក្រុងក៏បានដឹង រួចហើយដែរ ។ សម្តេចថ្លែងថា អាក្បត់ជាតិម្នាក់ឈ្មោះ សម សេរី បានបញ្ជាមកកម្លាំងវានៅទីក្រុងភ្នំពេញ រៀបចំបង្កឲ្យមានការរំខាននិងសម្លេងផ្ទុះនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែមេសានេះ ។ តែយើងបានក្តាប់ព័ត៌មាននេះបានអស់ហើយ។
សម្តេចបានបន្តទៀតថា សម្រាប់អាអ្នកទទួលបញ្ជានៅភ្នំពេញ វាថាមិនអាចធ្វើទៅរួចទេ ។ក៏ប៉ុន្តែ អាចវាបញ្ជាទៅអាអ្នកផ្សេងឲ្យធ្វើ។ ដូចជាវាអាចធ្វើនៅកន្លែងផ្សេង។ វាអាចធ្វើនៅភ្នំពេញ ឬ សៀមរាប ។
សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពារឲ្យបងប្អូនលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំដូចជា ទាហានឈរប្រចាំការតាមព្រំដែន គ្រូពេទ្យនៅឈរប្រចាំការនៅមន្ទីរពេទ្យ ប៉ូលីសនៅចាំជួយសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋ ៕