ខេត្តព្រះវិហារ ៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោកជំទាវព្រម ទាំងប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេវរកម្មគណៈកម្មាធិការសិទ្ធមនុស្ស អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលដល់នាយនិងពលទានកងពលធំ អន្តរាគមន៍លេខ៣ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នេះ។
ក្នុងឱកាស នេះដែរលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតដល់នាយនិងពល ទាហានទាំងអស់ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើងជានិច្ច។
លោកបានថ្លែងថា ដោយសារតែប្រទេសមានសុខសន្តិភាព ទើបអាចមានការជួបជុំមន្ត្រីរាជការជាមួយកងកម្លាំងប្រដាប់អាវុធតាមបន្ទាត់ព្រំដែននិង មានការសួរសុខទុក្ខ ដើម្បីលើកកំពស់ស្មារតីដល់កងកម្លាំងដែលកំពុងតែបំពេញភារកិច្ចការពារតាម ខ្សែបន្ទាត់ព្រំដែន។លោកក៏បានថ្លែងកោតសសើរចំពោះវីរភាពដល់អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធយើងដែលសុខចិត្តលះបង់ចាកឆ្ងាយពីក្រុមគ្រួសារ ពីប្រពន្ធកូនដើម្បីមកបំពេញតួនាទី ការពារប្រទេសជាតិមាតុភូមិរបស់យើងមិនអោយសត្រូវឈ្លានពានបានសូម្បីតែមួយមីលីម៉ែត្រ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រីប្រធានប្រឆាំងអំពើពុករលួយនិងលោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរដែលបានអញ្ជើញមកចុះសួរសុខទុក្ខនិងសំណេះសំណាលព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនមកចែកជូនដល់នាយនិងពលទាហានដែលឈរជើងការពារតាមបន្ទាត់ព្រំដែនសម្រាប់ទុកប្រើប្រាស់នៅនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលខិតជិតចូលមកដល់នេះផងដែរ។ហើយនេះគឺជាសក្ខីភាពមួយដែលបង្ហាញពីទឹកចិត្តរវាងកងកម្លាំង និងអង្គភាពប្រឆាំងអំពោះពុលរលួយដែលយកចិត្តទុកដាក់មកដល់កម្លាំងជួមុខជាប្រចាំផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៧ហើយដែលអង្គភាពប្រឆាំងអំពើពុករលួយ បានចុះមកសួរ សុខទុក្ខនិងនាំយកអំណោយមកចែកជូនអង្គភាពកងពលធំអន្តរាគមន៍លេខ៣នេះ៕