សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជប៉ុន​មិន​បាន​លើកឡើង​ពី​អតីត​បក្សប្រឆាំង​តែ​សុំឲ្យ​ការបោះឆ្នោ​តត្រឹមត្រូវ​

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​រយៈពេល​ពេញ​មួយ​ថ្ងៃ លោក តា​រ៉ូ កូ​ណូ (Taro Kono) រដ្ឋមន្ត្រី ការបរទេស​នៃ​ប្រទេស​ជប៉ុន មិន​បាន​លើកឡើង ពី​បញ្ហា​នយោបាយ នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ក្រោយ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ចោល កាលពី​ចុងឆ្នាំ​២០១៧ ខណៈ​លោក កឹម សុខា អតីត​មេបក្ស​សង្គ្រោះ​ជាតិ បាន​នឹង​កំពុង​ជាប់ ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម ខណៈ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា នឹង​ឈាន​ចូល​មក​ដល់ ប្រមាណ​ជា​៣​ខែ​ទៀត​ប៉ុណ្ណោះ ។

​ប៉ុន្តែ​សារព័ត៌មាន NHK បាន​ចុះផ្សាយ​ថា ជប៉ុន​ស្នើ​ឲ្យមាន​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ ។​
​ការ​មិន​លើកឡើង ពី​បញ្ហា​របស់​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា ពី​សំណាក់​របស់​រដ្ឋមន្ត្រី ការបរទេស​ជប៉ុន ដែល​ជា​មហាអំណាច ក្នុង​ពិភពលោក​នោះ ខុសប្លែក​ពី បណ្តា​ប្រទេស មួយចំនួន ដូចជា​អាមេរិក សហគមន៍​អឺរ៉ុប និង​ប្រទេស​ប្រមាណ​ជាង​៤៥ កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន ចំពោះ​ស្ថានភាព នយោបាយ​នៅ​កម្ពុជា ខណៈ​អវត្តមាន​របស់​បក្ស​ប្រឆាំង សម្រាប់​ចូលរួម​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​ពួកគេ​បាន​អះអាង​ថា បើ​អវត្តមាន​បក្សប្រឆាំង​ដ៏​ធំ ក្នុង​ការចូលរួម​បោះឆ្នោត​នៅ​កម្ពុជា នឹង​គ្មាន​តម្លាភា យុត្តិធម៌ និង​ភាពត្រឹមត្រូវ​នោះទេ ។​

​ក្នុង​ជំនួប​រវាង រដ្ឋមន្ត្រីការបរទេស​ជប៉ុន ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ដឹកនាំ​កម្ពុជា និង​ប្រមុខ​ទូត​ខ្មែរ លោក ប្រាក់ សុខុន លោក រដ្ឋមន្ត្រី​ជប៉ុន​មិន​បាន​លើកឡើង ពី​លោក កឹម សុខា និង​ការរំលាយចោល​បក្សប្រឆាំង​នោះទេ គ្រាន់​តែ​លោក​ប្តេជ្ញា​ធ្វើ​យ៉ាងណា ឲ្យមាន​កម្ពុជា​ក្លាយទៅជា​ប្រទេស មាន​ចំណូល​កម្រិត​មធ្យម​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជួយ​បន្ត​អភិវឌ្ឍន៍ លើ​វិស័យ​ជាច្រើន​ទៀត និង​បាន​ចុះហត្ថលេខា ផ្តល់​ជំនួយ​កម្ពុជា​ទាំង​មាន​សំណង និង​ឥត​សំណង​ផង​ដែរ​មក​កម្ពុជា ។​

​សូមបញ្ជាក់​ថា ក្នុង​គោលបំណង​របស់​លោក តា​រ៉ូ កូ​ណូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ខណៈ​នៅ​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ ។​

​ក្រោយ​ការអញ្ជើញ​មកដល់​របស់​លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក​បាន​ជួប​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​ខ្មែរ ប៉ុន្តែ​មិន​បាន​ពិភាក្សា​លើ​ការចាប់ខ្លួន លោក កឹម សុខា​ទេ ។ លោក ជុំ ស​ន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ បានបញ្ជាក់​ថា “​បើ​និយាយ​អំពី​ពិភាក្សា​នៅ​លើ​បញ្ហា​សភាព​ការ​នយោបាយ​កម្ពុ​ជា គឺ​អត់​មាន ហើយ​ជប៉ុន គ្មាន​បាន​លើកឡើង​សម្បី​តែមួយ​ពាក្យ​”​។​
​លោក​ប្រាក់ សុខុន បន្តថា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ត្រូវបាន​លើកស្ទួយ​យ៉ាងខ្លាំង ដោយសារ​មាន​ការផ្លាស់ប្ដូរ ដំណើរ​ទស្សនកិច្ច​សំខាន់ៗ​ដូចជា​៖ ដំណើ​រទស្ស​កិច្ច របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ខែ​សីហា​កន្លងទៅ ដែល​នេះ​ជា​កត្តា​មួយ​បញ្ជាក់ ពី​ទំនាក់ទំនង​រវាង ជប៉ុន​-​កម្ពុជា កាន់តែ​មាន​ភាព​ជិតស្និត ជាមួយ​គ្នា​មិន​អាច​កាត់ថ្លៃ​បាន ។​

​ក្នុងជំនួប​នោះ​ដែរ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​លើកឡើង​ថា “​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ខ្លាំងណាស់ ដែល​ខ្ញុំ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកទីមួយ ដែល​ខ្ញុំ​បាន​កាន់​តំណែង ជា​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​” ។​

​លោក​ថា លោក​បាន​មក​ទស្សនា នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩២ ហើយ​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ពេល​នោះ​អត់​មាន​អ្នក​មក​ទស្សនា​សោះ តែ​ពេល​ថ្មីៗ នេះ​ឃើញ​មាន​ភ្ញៀវទេសចរ មក​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​ច្រើន ដោយសារ​ភ្ញៀវ​ទេសចរ​អន្តរជាតិ នាំគ្នា​មក​លេង​ច្រើន ។ លោក​រដ្ឋមន្ត្រី​បន្តថា ថ្មីៗ​នេះ លោក​បាន​មើលឃើញ ពី​ការរីកចម្រើន​យ៉ាងខ្លាំង របស់​កម្ពុជា ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ បាន​បន្ថែមថា តាម​គម្រោង​សម្ដេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កម្ពស់​លើក​ទី​១០ ជប៉ុន​-​មេគង្គ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៨​ខាងមុខ ។​

​បន្ទាប់​មក​ប្រមុខ​ការទូត​ជប៉ុន បាន​ជួប​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប៉ុន្តែ​ក៏​មិន​បាន​លើកឡើង ពី​អតីត​បក្សប្រឆាំង​ដូចគ្នា នេះ​ជា​ការលើកឡើង​របស់​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន ក្រោយ​បញ្ចប់​ជំនួប​។​
​ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បែរជា បាន​ប្តេជ្ញាចិត្ត​នៅ​ចំពោះមុខ​សម្តេច​តេជោ ថា នឹង​ជួយ​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​ក្នុងន័យនេះ ជប៉ុន បាន​មាន​ចំណាប់អារម្មណ៍ ជួយ​ដល់​ប្រទេស​កម្ពុជា លើ​វិស័យ​មួយចំនួន​ដូចជា ឡូ​ជី​ស្ទីក ដោយ​មាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ធនធានមនុស្ស ។ លោក​ថា លើសពីនេះ ទៅទៀត​ជប៉ុន នឹង​ជួយ​កម្ពុជា​លើ​បណ្តាញ​ផ្គត់ផ្គង់ អគ្គិសនី​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​កិច្ច​ការពារ​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ។​

​សម្រាប់​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែងថា ជប៉ុន​ជឿជាក់​យ៉ាង​មុតមាំ​ថា ការបោះឆ្នោត​ថ្នាក់​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ នឹង​មាន​លក្ខណៈ​ល្អ អាច​ឲ្យ​កម្ពុជា​ធ្វើ​ការអភិវឌ្ឍ​ឆ្ពោះទៅរក ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ខាងមុខ ។​

​លោក សុខ ឥសាន ថា “​ក្នុងនាម​ជា​មិត្ត​ដែល​បាន​រួមចំណែក កសាង​ប្រទេស​កម្ពុជា ដោយ​ឈរ​លើ​លទ្ធិប្រជាធិបតេយ្យ ជប៉ុន​ជឿជាក់ថា ការបោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ នឹង​មាន​លក្ខណៈ​ល្អ​ស្រប​នឹង​កម្ពុជា អាច​ឲ្យ​កម្ពុជា​ធ្វើ​ការអភិវឌ្ឍ ឆ្ពោះទៅ​រក​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០”​។​

​លោក​បានឲ្យដឹង​ទៀតថា ក្រុម​មជ្ឈដ្ឋាន​ប្រឆាំង​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​បាន​ព្យាករណ៍​ថា នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ថ្ងៃ ៨ មេសា​នេះ របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ធ្វើ​ជា​មេអណ្តើក ឲ្យមាន​ការចរចា​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​បក្សប្រឆាំង ដើម្បី​ឲ្យមាន​របស់​ដែល​ពួក​គេ​ហៅថា ដំណោះស្រាយ នយោបាយ​នៅ​កម្ពុជា ក្នុង​ចេតនា​ឲ្យ​អតីត​បក្សប្រឆាំង​នេះ បាន​ចូលរួម​បោះឆ្នោត នាពេលខាងមុខ ។​

​លោក​ថា “​ប៉ុន្តែ​ក្នុង​ការជាក់ស្តែង រដ្ឋមន្ត្រីការបរទេស​ជប៉ុន មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់ ដល់​បញ្ហា​នយោបាយ​នៅ​កម្ពុជា ។ ផ្ទុយទៅវិញ​រដ្ឋមន្ត្រី​លើកឡើង តែ​ពី​ការបង្កើន ការជួយ​ឧបត្ថម្ភ​ជំនួយ លើ​គ្រប់​វិស័យ​ថែមទៀត ដើម្បី​ឲ្យ​កម្ពុជា​ក្លាយទៅជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ ២០៣០ ខាងមុខ​” ។ ដូច្នេះ ការសម្តែង​ជំហរ​របស់ ប្រទេស​ជប៉ុន តាមរយៈ​ការប្តេជ្ញាចិត្ត របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នា​ឱកាស​ជួប​សម្តែង ការគួរសម​ជាមួយ​ស​ម្តេច​តេជោ ឆ្លុះបញ្ចាំង​ឲ្យឃើញ នូវ​បរាជ័យ​ថ្មី​មួយទៀត របស់​មជ្ឈដ្ឋាន​ប្រឆាំង ដែល​មាន​ក្តីសង្ឃឹម​ទៅជា អត់​សង្ឃឹម​រលីងធេង ។​

​ចំណែក​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​មិត្ត​ជប៉ុន ដែល​បាន​ជួយ កម្ពុជា ក្នុង​ការស្វែងរក​សុខ​សន្តិភាព ក្នុង​ការស្តារ​អភិវឌ្ឍ​ប្រទេសជាតិ​។ សម្តេច សំដែង​នូវ​ការគាំទ្រ ចំពោះ​កិច្ចប្រជុំ​កំពូល​-​មេគង្គ ជប៉ុន នាពេលខាងមុខ ដោយ​សម្តេច​ចាត់ទុក ជា​កិច្ចប្រជុំ​ដែល​មាន​សារសំខាន់ ជាពិសេស​ការតភ្ជាប់ ទំនាក់ទំនង​ស្របគ្នា នឹង​ការធ្វើ​សមាហរណកម្ម​អាស៊ាន​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​រួច សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​រវាង លោក​ប្រាក់ សុខុន និង​លោក Taro Kono ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន របស់​រដ្ឋាភិបាល​ជប៉ុន មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​ទី​១- ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន សម្រាប់​អនុវត្ត គម្រោង​កម្មវិធី​អភិវឌ្ឍន៍ សេដ្ឋកិច្ច​និង​សង្គម នៅ​កម្ពុជា និង​ទី​២- ឥណទាន​សម្បទាន​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន សម្រាប់​អនុវត្ត​គម្រោង ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។​

​សម្រាប់​ជំនួប​រវាង លោក សយ សុភាព និង​លោក Norio Maruyama អ្នកនាំពាក្យ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ជប៉ុន និង​ជា​អតីតមន្ត្រី​ទូ​តទី​២ នៅ​កម្ពុជា​ពី​ឆ្នាំ​២០០៦-២០០៩​វិញ គឺ​លោក Norio Maruyama បាន​អះអាង​ថា ក្នុងឱកាស លោក តា​រ៉ូ កូ​ណូ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជប៉ុន​បាន​ស្វែង​ការរក​ការគាំទ្រ​ពី​កម្ពុជា ខណៈ​ជប៉ុន​បាន​បង្កើត គោលនយោបាយ​ដែល​មានឈ្មោះ​ថា “​យុទ្ធសាស្ត្រ​សេរី​បើកចំហរ នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​” (Free and Open Indo-Pacific Strategy) ។ ក្រោយ​មាន​ការស្នើសុំ​បែបនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​គាំទ្រ​ផងដែរ​។​

​យុទ្ធសាស្ត្រ​របស់​ជប៉ុន ដែល​មានឈ្មោះ​ថា “​សេរី​បើកចំហរ នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​” ក៏​ស្រដៀង​ទៅនឹង “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” របស់​ចិន​ដែរ ដែល​ចិន​ក៏​ត្រូវការ​ឲ្យ​ប្រទេស ក្នុង​តំបន់​អាស៊ី​គាំទ្រ​ផងដែរ ក្នុង​នោះ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ចំពោះ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​”​យ៉ាង​ខ្លាំងក្លា​បំផុត​។ លោក Norio Maruyama ថ្លែងថា “​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការគាំទ្រ​លើ​យុទ្ធសាស្ត្រ សេរី​បើកចំហរ នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​” ។​

​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​ប្រមុខ​ការទូត​ជប៉ុន​ពន្យល់ថា ដើម្បី​ភ្ជាប់​តំបន់​អាស៊ាន ទៅ​បណ្តា​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ និង​អា​ត្លង់​ទិច ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​តំបន់​អាស៊ី ។​

​លោក​ថា សម្តេច​តេជោ គាំទ្រ និង​សប្បាយរីករាយ​ចំពោះ គម្រោង​យុទ្ធសាស្ត្រ ព្រោះ​នឹង​នាំ​ឲ្យ​កម្ពុជា មាន​ផលប្រយោជន៍​ច្រើន​ដូចជា ការ​នាំឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ជាក់ស្តែង​ក្រោយ​ពី​ការបង្កើត ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា គឺ​ចំនួន​ទេសចរណ៍​កម្ពុជា ទៅ​ទស្សនា​ជប៉ុន​មាន​ច្រើន ជាពិសេស​ចូលឆ្នាំ​ខ្មែរ ខាង​មុខ​ទេសចរណ៍ ខ្មែរ​នឹង​ទៅ​ទស្សនា​កំសាន្ត នៅ​ជប៉ុន​មាន​ចំនួន​ច្រើន​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ (Taro Kono) អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ស្រប​ពេល​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី អញ្ជើញ​យាង​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ទិវា​ព្រះពុទ្ធសាសនា​លើក​ទី​៤ នៅ​ទីក្រុង​កូ​ប៊េ​៕

 

Filed in: ព័ត៌មានជាតិ