រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបាននិងកំពុងបញ្ជូនលោក ឡាយ វណ្ណៈ អតីត អភិបាលខេត្តតាកែវ និងជាជនសង្ស័យលើសំណុំរឿងឃាតកម្មទៅកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តក្រោយពេលដែលលោក ឡាយ វណ្ណៈ ត្រូវបានសាកសួរ នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីព្រឹកមិញ។
សូមជម្រាបថា លោក ឡាយ វណ្ណៈ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលម្សិលមិញនៅក្នុងទឹកដីខេត្តតាកែវ ក្រោយពិធីបញ្ចប់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ។
ចំពោះជនសង្ស័យទាំង៦នាក់នោះដែលពាក់ព័ន្ធសំណុំរឿងខាងលើនេះ រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា, ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ៕